សូមស្វាគមន៍លោក លោកស្រី មកកាន់គេហទំព័ររបស់សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្តនៃព្រះរាជាណាចក្រកម្ពុជា!
ក្នុងនាមសមាគមជាតិ ខ្ញុំសូមស្វាគមន៍ចំពោះការចូលមកកាន់គេហទំព័រ នេះ ដែលជាកន្លែងផ្ដល់ព័ត៌មាន បច្ចុប្បន្នភាពអំពីមុខងារ សកម្មភាព និង ផែនការនានារបស់សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្តព្រះរាជណាចក្រកម្ពុជា។
សមាគមជាតិគឺជាស្ថាប័នតំណាងអោយក្រុមប្រឹក្សារាជធានី ខេត្ត ចំនួន ២៥ (សមាជិកក្រុមប្រឹក្សា ៣៧៤ នាក់) ជាសមាជិក។ ក្រោយពេលសមាគមជាតិ បានបង្កើតឡើង តាមរយៈមហាសន្និបាត នៅថ្ងៃទី ២៧-២៨ ខែមិនា ឆ្នាំ ២០១៣ រួចមក យើងបានអនុវត្ដសកម្មភាពយ៉ាងរស់រវើក ប្រកបដោយ ការតស៊ូលះបង់ក្នុងឆន្ទៈដ៏មុះមុត និង ការប្ដេជ្ញាចិត្តខ្ពស់ក្នុងការ ផ្ដល់ ផលប្រយោជន៍ ជូនដល់សមាជិក និងដើម្បីលើកកម្ពស់លិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ។
ដើម្បីសម្រេចបាននូវគោលបំណងសំខាន់ៗរបស់ខ្លួន យើងបានរៀបចំផែនការយុទ្ធសាស្ដ្ររយៈពេល ៥ឆ្នាំ ២០១៤-២០១៨ ដោយផ្តោតលើសកម្មភាពស្នូលចំនួន៥ គឺ (១) ការអភិវឌ្ឍស្ថាប័ន (២) ការអភិវឌ្ឍសមត្ថភាព (៣) ការស្វែងរកការគាំទ្រនិងទំនាក់ទំនងសាធារណៈ (៤) សហប្រតិបត្តិការជាមួយស្ថាប័នពាក់ព័ន្ធលើការងារ អភិបាលកិច្ចល្អនិងពង្រឹងលទ្ធិប្រជាធិបតេយ្យដល់ក្រុមប្រឹក្សានៅថ្នាក់ក្រោមជាតិ និង (៥) ក្តាប់ព័ត៌មាននិង ស្វែងរកសេវាផ្នែកច្បាប់ជូនដល់សមាជិកក្រុមប្រឹក្សានិងក្រុមប្រឹក្សារាជធានី ខេត្ត។ មិនត្រឹមតែប៉ុណ្ណោះ កិច្ចសហការជាមួយរាជរដ្ឋភិបាល ថ្នាក់កណ្ដាល និងថ្នាក់ជាតិ គឺជាសក្ដានុពលចាំបាច់ មិនអាចកាត់ផ្ដាច់បាន។
តាមរយៈគេហទំព័រនេះ លោកអ្នកនឹងស្វែងយល់កាន់តែស៊ីជំរៅ ពីសកម្មភាពរបស់ស្ថាប័នយើងខ្ញុំ ព្រមទាំងផ្ដល់ គុណប្រយោជន៍ដល់អ្នកដែលកំពុងអនុវត្ដការងារ ក៏ដូចជាអ្នកដែលមានបំណងស្វែងយល់ពីលិទ្ធិប្រជាធិបតេយ្យ តាមរយៈវិមជ្ឈការ និងវិសហមជ្ឈការ។
យើងខ្ញុំនឹងធ្វើបច្ចុប្បន្នភាពព័ត៌មានទាន់ហេតុការណ៍ដើម្បីឆ្លើយតបនឹងស្ថានភាពដែលកើតមានឡើង។
ប្រធានសមាគមជាតិ
ឯកឧត្តម ម៉ប់ សារិន