សូមស្វាគមន៍លោក លោកស្រី មកកាន់គេហទំព័ររបស់សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់នៃព្រះរាជាណាចក្រកម្ពុជា!
ក្នុងនាមសម្ព័ន្ធភាពជាតិ ខ្ញុំសូមស្វាគមន៍ចំពោះការចូលមកកាន់គេហទំព័រ នេះ ដែលជាកន្លែងផ្ដល់ព័ត៌មាន បច្ចុប្បន្នភាពអំពីមុខងារ សកម្មភាព និង ផែនការនានា របស់សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់នៃព្រះរាជណាចក្រកម្ពុជា និងសមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ២៤ ខេត្ដ និង រាជធានីភ្នំពេញ។
សម្ព័ន្ធភាពជាតិគឺជាស្ថាប័នតំណាងអោយក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ទូទាំងប្រទេស ដែលមាន ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ចំនួន ១៩៧ (សមាជិកក្រុមប្រឹក្សា ២៩៣១ នាក់) និង ក្រុមប្រឹក្សាឃុំ សង្កាត់ ១៦៣៣ (សមាជិកក្រុមប្រឹក្សា ១១៤៥៩ នាក់) ជាសមាជិក។ ក្រោយពេលដែលសម្ព័ន្ធភាពជាតិ ឃុំ សង្កាត់ បានបង្កើតឡើង តាមរយៈមហាសន្និបាតក្រុមប្រឹក្សាឃុំ សង្កាត់ ទូទាំងប្រទេស នៅថ្ងៃទី ១៥-១៦ ខែសីហា ឆ្នាំ ២០០៦ រួចមក យើងបានអនុវត្ដសកម្មភាពយ៉ាងរស់រវើក ប្រកបដោយ ការតស៊ូលះបង់ក្នុងឆន្ទៈដ៏មុះមុត និង ការប្ដេជ្ញាចិត្តខ្ពស់ក្នុងការ ផ្ដល់ ផលប្រយោជន៍ ជូនដល់សមាជិក និង ដើម្បីលើកកម្ពស់លិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ។
ដើម្បីសម្រេចបាននូវគោលបំណងសំខាន់ៗរបស់ខ្លួន យើងបានរៀបចំផែនការយុទ្ធសាស្ដ្ររយៈពេល ៥ ឆ្នាំ មានយុទ្ធសាស្រ្តសំខាន់ៗចំនួន៧។ យុទ្ធសាស្រ្តទី១៖ ការពង្រឹងសម្ព័ន្ធភាពជាតិ និងសមាគមក្រុមប្រឹក្សាមូលដ្ឋាននៅតាមរាជធានី ខេត្ត ។ យុទ្ធសាស្រ្តទី២៖ ចីរភាពហិរញ្ញវត្ថុរបស់សម្ព័ន្ធភាពជាតិ និងសមាគមក្រុមប្រឹក្សាមូលដ្ឋាននៅតាម រាជធានី ខេត្ដ។ យុទ្ធសាស្រ្តទី៣៖ ការអភិវឌ្ឍសមត្ថភាពសមាជិកក្រុមប្រឹក្សាមូលដ្ឋាន។ យុទ្ធសាស្រ្តទី៤៖ ការតស៊ូមតិដើម្បីជាប្រយោជន៍របស់ក្រុមប្រឹក្សាមូលដ្ឋាន។ យុទ្ធសាស្រ្តទី៥៖ ការផ្ដល់សេវាបន្ថែមដល់ក្រុមប្រឹក្សាមូលដ្ឋាន ដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍សហ្សវត្សរ៍។ យុទ្ធសាស្រ្តទី៦៖ ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ក្រុមប្រឹក្សាមូលដ្ឋានដោយមានការយកចិត្ដទុកដាក់លើការប្រែប្រួលអាកាសធាតុ។ យុទ្ធសាស្រ្តទី៧៖ ការលើកលើកកម្ពស់សមភាពយែនឌ័រនៅក្នុងវិស័យនយោបាយនៅមូលដ្ឋាន។
តាមរយៈគេហទំព័រនេះ លោកអ្នកនឹងស្វែងយល់កាន់តែស៊ីជំរៅ ពីសកម្មភាពរបស់ស្ថាប័នយើងខ្ញុំ ព្រមទាំងផ្ដល់ គុណប្រយោជន៍ដល់អ្នកដែលកំពុងអនុវត្ដការងារ ក៏ដូចជាអ្នកដែលមានបំណងស្វែងយល់ពីលិទ្ធិប្រជាធិបតេយ្យ តាមរយៈវិមជ្ឈការ និង វិសហមជ្ឈការនៅថ្នាក់មូលដ្ឋាន។
យើងខ្ញុំនឹងធ្វើបច្ចុប្បន្នភាពព័ត៌មានទាន់ហេតុការណ៍ដើម្បីឆ្លើយតបនឹងស្ថានភាពដែលកើតមានឡើង។
ប្រធានសម្ព័ន្ធភាពជាតិ
លោក សយ កុសល